ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងសហការី បានអមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចូលរួមប្រជុំពង្រឹងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ ខេត្តក្រចេះ នៅស្នាក់ការអភិរក្សសត្វផ្សោត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើរដល់ឆ្មាំទន្លេត្រូវយកចិត្តទុកដាក់ ការពារតំបន់អភិរក្សសត្វផ្សោត នឹងអន្លង់ត្រីមេពូជ ដើម្បីកំណត់មុខសញ្ញាអ្នកឆក់ត្រី និងចុះស៊ើបអង្កេត ឈានដករហូតវត្ថុតាងហើយឈានទៅដល់ការអនុវត្តច្បាប់។
ទាក់ទងនឹងការងារនេះ ត្រូវធ្វើមានសហការចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងការផ្តល់ឧបករណ៍ល្អៗ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ។ ក្នុងស្មារតីនេះដែរ ត្រូវពិនិត្យលទ្ធភាពរៀបចំឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោត និងអ្នកដែលស្រលាញ់ផ្សោត។ លើសពីនេះទៀត គឺការបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត ដែលនេះជាការចូលរួមសហការពីមហាជនក្នុងប្រតិបត្តិការបង្ក្រាប និងការពារ រតនសម្បត្តិរបស់យើងទាំងអស់គ្នា។
ជាកិច្ចបន្តមកទៀត ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ទូកនិងសម្ភារល្បាតដល់ឆ្មាំការពារ ដែលមានដូចជាទូកម៉ាស៊ីនចំនួន ៦គ្រឿង អាវពោងចំនួន ៤៤អាវ សឺម៉ែលចំនួន ២៤គ្រឿង ថវិការបស់ឯកឧត្តមរដ្ឋមន្រ្តី ចំនួន១០លានរៀល និងថវិកាឧបត្ថម្ភពីអភិបាលខេត្តក្រចេះ ៥,៥លានរៀល សម្រាប់បុស្តិ៍ឆ្មាំទាំង១១ ហើយមន្ទីរកសិកម្មក៏បានចូលរួមឧបត្ថម្ភសារ៉ុងដល់អ្នកចូលរួមផងដែរដោយម្នាក់ៗទទួលបានសារ៉ុងចំនួន ០១ ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តម វ៉ា ថន អភិបាលខេត្តនិងជាប្រធានគណៈកម្មការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ បានចូលរួមដុតបំផ្លាញសម្ភារនេសាទខុសច្បាប់ ដែលបង្ក្រាបបានមានដូចជា ឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ មងក្រឡាធំ និងឧបករណ៍ផ្សេងៗមួយចំនួនទៀត។
ខណ្ឌរដ្ឋបាលជលផលក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម