ថ្ងៃចន្ទ័ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរ បានរៀបចំពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ "មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំបន់ខ្ពស់រាប ខេត្តក្រចេះ" ស្ថិតក្នុងភូមិសម្បទានតាកុត ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ ដែលពិធីដ៏មានអត្ថន័យនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី កាង ឈ្យុងមី តំណាងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ និងវត្តមានចូលរួម ពីឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិកា ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញតំណាង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ចាម ទីប្រឹក្សាកសិកម្មខេត្ត អ្នកផ្សព្វផ្សាយកសិកម្ម និងប្រជាពលរដ្ឋ ដែលមានអ្នកចូលរួមសរុបប្រមាណ ៤០០នាក់។
បន្ទាប់ពីបានស្តាប់ឯកឧត្តមអភិបាលរងខេត្ត បង្ហាញពីចំណាប់អារម្មណ៍ដ៏មានអត្ថន័យ បានស្វែងយល់ពីសមិទ្ធផលសម្រេចបានរបស់គម្រោង តាមរយៈរបាយការណ៍សង្ខេបរបស់លោកប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានស្តាប់ពីចំណាប់អារម្មណ៍របស់លោកស្រី កាង ឈ្យុងមី ទាក់ទងនឹងមជ្ឈមណ្ឌលរួចមក ឯកឧត្តម ហ៊ួត ប៊ុនណារី ក៏បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីសម្ភោធមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលនេះ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េដែលបានផ្តល់គម្រោងសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌលនេះ។