មាតិកា
ក្រចេះ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ចុះពិនិត្យ និងពង្រឹងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ
ចេញ​ផ្សាយ ២៦ មករា ២០២៣
267

ថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងមន្រ្តីជំនាញ បានអមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ចុះពិនិត្យ និងពង្រឹងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ ដើម្បីសំណេះសំណាល និងលើកទឹកចិត្ដដល់មន្ត្រីជលផល និងឆ្មាំទន្លេ ព្រមទាំងបានជិះទូកចុះស្វែងយល់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គនៅតាមចំណុចស្នាក់ការល្បាតសំខាន់ៗនៅព្រែកកាំពី និងតំបន់ជុំវិញ។

ក្នុងនោះដែរ ឯកឧត្តម បានស្នើឱ្យខណ្ឌរដ្ឋបាលជលផលពង្រឹងការងារអប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ហើយក្រសួងនឹងខិតខំរកដៃគូអភិវឌ្ឍន៍ មកជួយបង្វែរមុខរបរបងប្អូនប្រជានេសាទដែលរងផលប៉ះពាល់ពីការនេសាទដែលមានហានិភ័យដល់សត្វផ្សោតទៅជាប្រកបមុខរបរផ្សេងវិញ។

ដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពការងារល្បាត ការបង្រ្កាបបទល្មើសនេសាទ ជាពិសេសការអភិរក្សសត្វផ្សោត ឯកឧត្តមបានផ្តល់សម្ភារៈចាំបាច់មួយចំនួនដូចជា ហ្វាភ្លើងគុណភាពខ្ពស់ កែវយឹតសម្រាប់មើលពេលយប់ ម៉ាស៊ីនទូកល្បឿនលឿន និងប្រេងឥន្ទន:ដល់មន្ត្រីជលផល និងឆ្មាំទន្លេ ហើយក្រសួងនឹងពិនិត្យលទ្ធភាពទិញដ្រូនពីបរទេសដើម្បីបង្ហោះតាមឃ្លាំមើលសកម្មភាពល្មើស និងបង្កើនប្រសិទ្ធភាពល្បាតរបស់ឆ្មាំទន្លេផងដែរ។ ចំណែកឯរដ្ឋបាលខេត្តនឹងជួយតម្លើងប្រព័ន្ធវិទ្យុទាក់ទងដើម្បីក្រុមឆ្មាំទន្លេងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា៕

ចំនួនអ្នកចូលទស្សនា
Flag Counter