មាតិកា
ក្រចេះ ៖ក្រុមការងារមន្ទីរកសិកម្ម ចុះពិនិត្យស្ថានភាពដំណាំដែលទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ទឹកភ្លៀង នៅឃុំឃ្សឹម ស្រុកស្នួល
ចេញ​ផ្សាយ ២១ តុលា ២០២១
144

ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដឹកនាំដោយលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក អុឹង យូទី អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្នួល បានចុះពិនិត្យស្ថានភាពដំណាំដែលទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ទឹកភ្លៀង នៅឃុំឃ្សឹម ស្រុកស្នួល ទទួលបានលទ្ធផលដូចខាងក្រោម៖

ដោយសារទឹកភ្លៀងចាល់ព្រែកឆ្លូង បានធ្វើឲ្យលិចដំណាំស្រូវវស្សាសរុបចំនួន ១៦៧ហ.ត ដំឡូងមីចំនួន ៧១ហ,ត និងស្វាយចន្ទីចំនួន ២៣ហ.ត ក្នុងភូមិចំនួន ០៤ភូមិ ស្មើនឹង ៩៨គ្រួសារ នៃឃុំឃ្សឹម ក្នុងនោះក្នុងនោះមាន៖

១- ភូមិឃ្សឹមក្រៅ បានជន់លិចស្រូវ ៣០ហ.ត ដំឡូងមី ២៦ហ.ត និងស្វាយចន្ទី ២៣ហ.ត

២- ភូមិមិល បានជន់លិចស្រូវ ២០ហ.ត និងដំឡូងមី ២៥ហ.ត

៣- ភូមិសំរ៉ង បានជន់លិចស្រូវ ៦៧ហ.ត

៤- ភូមិស្រែថ្មី បានជន់លិចស្រូវ ៥០ហ.ត និងដំឡូងមី ២០ហ.ត។

សូមបញ្ជាក់ផងដែរថា៖
-ក្នុងផ្ទៃដីដាំដុះដែលជន់លិចខាងលើនេះ បានកើតឡើងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ហើយបច្ចុប្បន្នស្ថានភាពទឹកនៅ​នឹង (មិនឡើង មិនស្រក) តែទឹកអាចស្រកទៅវិញចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
-ដំណាំស្រូវដែលទទួលរងការលិចលង់នេះ ស្ថិតក្នុងដំណាក់កាលស្រូវដើម និងស្រូវដាក់ទឹកដោះ។ តាមការវាយតម្លៃ ដំណាំស្រូវប្រមាណ ៧០% ទៅ ៨០% ត្រូវខូចខាតទាំងស្រុង។
-ដំណាំដំឡូងមីដែលទទួលរងការលិចលង់នេះ ស្ថិតក្នុងដំណាក់កាលមើមអាចប្រមូលផលបានប្រមាណពី ៨០ ទៅ ៩០%។
-ដំណាំស្វាយចន្ទីដែលលិចលង់ មិនបង្កការខូចខាតទេ។

ជារួមមិនគួរផ្តល់ពូជស្រូវទេ ព្រោះគ្មានប្រភពទឹកស្រោចស្រពបន្តរក្រោយពីការលិចសង់នេះបានបញ្ចប់ និងគ្មានស្រះ ឬប្រឡាយ ដើម្បីស្តារឡើងវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter