នៅថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ រួមជាមួយក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រអាជ្ញាធរក្រុង សង្កាត់ បានអមដំណើរឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ចុះពិនិត្យស្ថានភាពដំណាំស្រូវស្តារឡើងវិញ លើផ្ទៃដីខូចខាតសរុបចំនួន ១៧០៤,៥៧ហិកតា ក្រោយទទួលរងការខូចខាតដោយទឹកជំនន់ដែលទទួលបានពូជស្រូវសរុបចំនួន ២៣៧ ២០០គីឡូក្រាម ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក មានដូចខាងក្រោម៖
កម្មវិធីទី១៖
ចុះពិនិត្យស្ថានភាពដំណាំស្រូវនៅសង្កាត់អូរប្ញស្សី ក្រុងក្រចេះ ដែលមានផ្ទៃដីខូចខាតចំនួន ៥៧,២០ហិកតា ស្មើនឹង ៦៥គ្រួសារ ត្រូវបានស្តារឡើងវិញ១០០%។
កម្មវិធីទី២៖
ចុះពិនិត្យស្ថានភាពដំណាំស្រូវនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ដែលមានផ្ទៃដីខូចខាតចំនួន ៨,២០ហិកតា ស្មើនឹង ១២គ្រួសារ ត្រូវបានស្តារឡើងវិញ១០០%។
តាមការចុះពិនិត្យជាក់ស្តែង ស្ថានភាពដំណាំស្រូវមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ធ្វើឲ្យស្រូវមានការលូតលាស់ជាធម្មតា បច្ចប្បន្នដំណាំស្រូវទាំងនេះបានឈានដល់ដំណាក់កាលចេញផ្កា ហើយនឹងអាចប្រមូលផលក្នុងរយៈពេលមួយខែខាងមុខទៀត។ តាមការវាយតម្លៃដំណាំស្រូវទាំងនេះនឹងអាចទទួលបានទិន្នផលជាមធ្យមប្រមាណពី ៤,៣០០គីឡូក្រាម ទៅ ៤,៥០០គីឡូក្រាម ក្នុងមួយហិកតា។
បន្ទាប់មកទៀតឯកឧត្តម និងក្រុមការងារបានបន្តចុះពិនិត្យទំនប់បង្ហៀរទឹក ដែលសាងសង់ដោយមន្ទីរធនធានទឹក និងឧតុនិយម តាមគោលដៅនីមួយៗ និងបានផ្តាំផ្ញើដល់កសិករ ខិតខំបង្ករបង្កើនផល ជាពិសេសទប់ស្កាត់នូវការរីករាលដាលនៃជំងឺ កូវីត ១៩ (COVID-19) ក្នុងឆ្នាំ២០២១នេះ ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម