នៅថ្ងៃពុធ ១១រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួម ក្នុងពិធី ចែកអំណោយស្រូវពូជ (ពូជសែនក្រអូប) ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការដាំដុះឡើងវិញ បន្ទាប់ពីទទួលរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គ នៅតាមបណ្តា ក្រុង/ស្រុក ក្នុងនោះរួមមាន ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង ស្រុកចិត្របុរី និងក្រុងក្រចេះ ដែលរងគ្រោះដោយសាទឹកជំនន់ នាពេលកន្លងមក ស្មើនឹង ២ ៣៧២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម និងថវិការ ១០០ ០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដេីម្បីជាដេីមទុនសម្រាប់ធ្វេីការដាំដុះឡើងវិញ បន្ទាប់ពីរងនូវការខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គក្នុងឆ្នាំ២០២០នេះ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវ អ្នកតំណាងស្រ្ត ឯកឧត្តម ទេសរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សម្ព័ន្ធយុវជន និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៤ ០០០នាក់ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម