នៅថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី” សមិទ្ធផលប្រព័ន្ធ ព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម” ក្រោមអធិបតីភាពលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាមាញ់ និងនេសាទ នឹងមានការអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំ មន្រ្តីពីអង្គភាពក្រោមឳវាទក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង២៥ និងដៃគូរអភិវឌ្ឍ សរុបប្រមាណជាង១០០នាក់។ គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយអំពីសារសំខាន់និងអត្ថប្រយោជន៍ នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងវិស័យកសិកម្មនៅកម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទ (Mobile Apps) ប្រព័ន្ធគេហទំព័ររបស់ក្រសួង និងបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) ផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងកម្មវិធីខាងលើ បានបង្ហាញឲ្យយើងដឹងអំពីការចូលរួមចំណែកនៃបច្ចេកវិទ្យាក្នុងការអភិវឌ្ឍកសិកម្មដែលមានដូចជា គាំទ្រដល់ការរៀបចំយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជំរុញនវានុវត្តន៍ក្នុងវិស័យកសិកម្ម ការធ្វើកសិកម្មដោយនិរន្តរភាព ជំរុញទីផ្សារផលិតផលកសិកម្ម បង្កើនសមត្ថភាពក្នុងការធ្វើកសិកម្ម សុវត្ថិភាពចំណីអាហារនិងតាមដានខ្សែច្រវ៉ាក់ផលិតកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយនិងការជូនដំណឹងជាមុន និងជំនួយដល់ការស្វែងរកការធានារ៉ាប់រង និងហិរញ្ញវត្ថុ។ ក្នុងនោះប្រព័ន្ធគេហទំព័រមានដូជា៖
(១) គេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ www.maff.gov.kh មានតំណភ្ជាប់ទៅគេហទំព័ររបស់មន្ទីរទាំង២៥រាជធានី-ខេត្ត២៥ (២). បណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៣) ប្រព័ន្ធសេវាព័ត៌មានទីផ្សារ) www.amis.org.kh ឬ CAMAgriMarket និង(៤) គេហទំព័រផ្សព្វផ្សាយកសិកម្ម (Web Portal: www.khmeragri.info (៥) បណ្តាល័យកសិកម្មអេឡិចត្រូនិកដែលបានរក្សាទុកនិងចែករំលែកឯកសារ បច្ចេកទេសកសិកម្មសម្រាប់សាធារណៈជន elibrary.maff.gov.kh និងវីដេអូកសិកម្មថ្មីៗក្នុង YouTube ដែលមាន Channel: Cambodia Agriculture Video–MAFF។ ថ្លែងក្នុងសន្ទរកថាបើកអង្គសិក្ខាសាលានេះដែរ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្ថិតក្នុងបរិបទថ្មី នៃការនិយមប្រើប្រាស់ទូរស័ព្ទឆ្លាតវៃក្នុងយុគសម័យឧស្សាហកម្ម៤.០ និងសេដ្ឋកិច្ចឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានបង្កើតឡើងនូវកម្មវិធីលើទូរស័ព្ទឆ្លាតវៃមួយចំនួនទៀតដើម្បីផ្តល់ភាពងាយស្រួល និងចែករំលែកព័ត៌មានអំពីវិស័យកសិកម្មទាំងមូលដល់សាធារណៈជន និងប្រជាកសិករ ដូចជា៖
កម្មវិធីទូរស័ព្ទរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ GDAHP App និងកម្មវិធីទូរស័ព្ទបណ្ណាល័យ កសិកម្មអេឡិចត្រូនិក (Agrilibrary) ដែលរាល់កម្មវិធីទូរស័ព្ទទាំងអស់បានដាក់ឲ្យដំណើរការនៅលើ iOS app store និងPlay Store (android) ។
លើសពីនេះទៅទៀតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែពិនិត្យមើលកាលានុវត្តភាពក្នុងទិសដៅបង្កើតកម្មវិធីផ្តល់ព័ត៌មាន ទិន្នន័យកសិកម្មនៅកម្ពុជា (Cambodia Agricultural Big Data Platform) និងប្រព័ន្ធត្រួតពិនិត្យ និងតាមដានផលិតផលកសិកម្មតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធតាមដានខ្សែច្រវ៉ាក់ផលិតផលកសិកម្ម (Agricultural Product Traceability System) សម្រាប់ពេលអនាគតផងដែរ៕