ថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលក្រចេះ ដោយមានលោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោកស្រី ហ៊ុប ស៊ីនួន និងលោក អ៊ូ សុវណ្ណារ៉ា បានចុះពិនិត្យ តាមដានការចិញ្ចឹម បង្កងអូស្ត្រាលី នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ របស់កសិករឈ្មោះ រស់ ខេមរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ប្លុង ផារី អាយុ ២៧ឆ្នាំ បានប្រកបរបរចិញ្ចឹមបង្កង រយៈពេល ០៧ខែមកហើយ បានដាក់បង្កងមេពូជ ចំនួន៦០ក្បាល (គឺញីចំនួន ៣០ក្បាល និងឈ្មោលចំនួន ៣០ក្បាល) ក្នុង០១គូរ តម្លៃ ៤០០០០រៀល។ កសិករមានអាងស៊ីម៉ង សំរាប់ដាក់ចិញ្ចឹមចំនួន ០៣អាង (ទំហំ៥×៥ម) និងអាងប្លាស្ទិច ចំនួន០៤ អាង ដោយផ្តល់ចំណីឲ្យបង្កងស៊ីមាន ចំណីគ្រាប់ ផ្លែល្ពៅ ដំឡូង សារាយ...។ មកដល់ពេលនេះបង្កងមេពូជ មានពងញាស់ចំនួន ៣០សំបុក (ប្រហែល ៧៥០០កូន)។ គាត់បានចំណាយដើមទុនសរុបប្រហែល ១០០០ដុល្លា ហើយបានលក់កូនបង្កងពូជ ចំនួន៥០០កូន (លក់ ០១កូន ២០០០រៀល) លក់ឲ្យកសិករ នៅឃុំសណ្តាន់ ស្រុកសំបូរ និងឃុំសំបុក ស្រុកចិត្របុរី ដើម្បីចិញ្ចឹមសាកល្បង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម