ខណ្ឌរដ្ឋបាលជលផលក្រចេះ មានលោកស្រី ហ៊ុប ស៊ីនួន និងខ្ញុំបាទ អ៊ូ សុវណ្ណារ៉ា សហការជាមួយ លោក ឃី ចាន់ណូ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យ និងតាមដាន ការចិញ្ចឹមបង្កងអូស្ត្រាលី របស់កសិករឈ្មោះ មុយ សុតុលា ភេទប្រុស អាយុ៣០ឆ្នាំ ដែលមានប្រពន្ធឈ្មោះ សែម សូលីដា អាយុ ២៩ឆ្នាំ នៅភូមិក្បាលកោះ សង្កាត់កោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ។ កសិករប្រកបរបរចិញ្ចឹមបង្កង រយៈពេល ៣ខែ មកហើយ បានដាក់បង្កងចិញ្ចឹមចំនួន ៤០០០ក្បាល ដោយបានទិញកូន ០១ក្បាល តម្លៃ ២០០០រៀល និងបង្កងមេពូជ ចំនួន៤០ក្បាល (ញីចំនួន ២០ក្បាល និងឈ្មោលចំនួន ២០ក្បាល) ក្នុង០១គូរ តម្លៃ ៤០០០០រៀល។ មកដល់ពេលនេះបង្កងមេពូជ មានពងញាស់ចំនួន ០៤សំបុក រយៈពេល ០១សប្តាហ៍មកហើយ (ប្រហែលចំនួន ៤០០ក្បាល)។ គាត់បានចំណាយដើមទុនសរុបប្រហែល ៧០០០ដុល្លា។ កសិករបានបញ្ជាក់ផងដែរថាកាចិញ្ចឹមមានផ្ទៃស្រះចំនួន ០២ស្រះ ទំហំ ៣០×៥០ម៉ែត្រ និងមួយទៀតមានទំហំ ៣×៦ ម៉ែត្រ មានកងលូដាក់បង្កងមេពូជ សំរាប់បង្កាត់ភ្ញាស់ចំនួន ១០កង់លូ មានអាងសំរាប់ដាក់ចិញ្ចឹមចំនួន ០៣អាង ហើយគិតរយៈពេលចិញ្ចឹមបង្កងយកសាច់ បានចំនួន ០២ខែ១០ថ្ងៃ មកហើយ។ ចំពោះការប្រមូលផលគឺមានរយៈពេលប្រហែល ០៤ខែ បង្កងអាចប្រមូលផលបានបណ្តើរៗហើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម