នៅថ្ងៃអាទិត្យ ១៥កេីត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តក្រចេះ និងសហការី បានចូលរួមពិធីប្រគេនទៀនព្រះវស្សា និងទ័យទាន ប្រគេនព្រះសង្ឃចំនួន ៥វត្ត នៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បន្ថែមពីនេះដោយយោងតាមសារាចរណែនាំលេខ២៦៥ សរណន.កសក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរបានចុះពិនិត្យការងារបង្ករបង្កើនផល និងចិញ្ចឹមសត្វនៅតាមមូលដ្ឋានដូចខាងក្រោម៖
*ពេលព្រឹក៖
កម្មវិធីទី១៖ បានប្រគេនទៀនវស្សា និងទ័យទានជូនព្រះសង្ឃចំនួន ៥វត្តនៅក្នុងឃុំជ្រោយបន្ទាយ ដោយក្នុង ១វត្ត ទទួលបាន ទៀន ១គូរ ទឹកសុទ្ធ ២កេស ស្លាដក ១ឆុត មី ១កេស ទឹកផ្លែឈេី ១កេស និងថវិកាចំនួន ២១០ ០០០រៀល បន្ថែមពីនេះទៀតលោកប្រធានបានផ្តាំផ្ញេីរដល់ប្រពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នអំពីការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ដោយការអនុវត្តហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
កម្មវិធីទី២៖ តំណាងអោយលោកជំទាវ ហឹង ណារីវ៉ា ថន បាននាំយកថវិកាចំនួន ៤១០ ០០០រៀល ជូនដល់ចាស់ជរាគ្មានទីពឹងនៅក្នុងភូមិកែងចំនួន ១គ្រួសារ និងបានមានមតិផ្តាំផ្ញេី និងសួរសុខទុកពីឯកឧត្តមអភិបាលខេត្ត និងលោកជំទាវផងដែរ។
កម្មវិធីទី៣៖ បានចុះពិនិត្យទីតាំងចិញ្ចឹមបង្កងអូស្រ្តាលី របស់លោក ណាល់ ភក្តី នៅក្នុងឃុំជ្រោយបន្ទាយ ដែលមានបង្កងមេប្រមាណ ៣ ០០០ក្បាល គាត់បានបញ្ជាក់ផងដែរថាចំពោះបង្កងអាយុ ៤ខែ ដែលមានទំហំ ១០ក្បាលស្មេី ១គីឡូក្រាម អាចលក់បានតម្លៃ ៣០$ក្នុង១គីឡូក្រាម ហេីយបច្ចុប្បន្នមានការបញ្ជាទិញកូនបង្កងពីគាត់ប្រមាណ ១០០ ០០០ក្បាលផងដែរ បន្ថែមពីនេះទៀតគាត់មានចិញ្ចឹមក្រួចយកពង ចិញ្ចឹមកង្កែប និងចិញ្ចឹមក្ងាន ដែលអាចរកចំណូលបន្ថែមឲ្យគាត់បានជាប្រចាំដែរ។
កម្មវិធីទី៤៖ បានចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបរបស់កសិករឈ្មោះ ភឿង ផាន់នី ដែលកំពុងចិញ្ចឹមកង្កែបចំនួន ២ ០០០កូន គាត់បានបញ្ជាក់ថាកង្កែបដែលមានអាយុពី ២ខែ ទៅ ២ខែកន្លះ ដែលមានទំហំ ៥ ស្មេីនឹង ១គីឡូក្រាម អាចលក់បានតម្លៃ ១៣ ០០០រៀល ក្នុង១គីឡូក្រាម។
*ពេលរសៀល៖
កម្មវិធីទី៥៖ បានចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបចំនួន ៣កន្លែង នៅក្នុងឃុំបុសលាវ ដែលកសិករទី១ឈ្មោះ គីន យេង មានកង្កែបចំនួន ៧០០០ក្បាល កសិករទី២ឈ្មោះ ចាន់ ទុំ មានកង្កែបចំនួន ២ ០០០ក្បាល កសិករទី៣ឈ្មោះ ប៉ែន ចាន់វុទ្ធី មានកង្កែបចំនួន ១០ ០០០ក្បាល តាមការសាកសួរជាមធ្យមការបាត់បង់ក្នុងកំឡុងពេលចិញ្ចឹមប្រហែល២០% លោកប្រធានបានណែនាំអោយគាត់គួរទាក់ទងអ្នកបច្ចេកទេសនៅមន្ទីរកសិកម្មដើម្បីជួយដោះស្រាយបញ្ហាមួយចំនួនដូចជាបញ្ហាទីផ្សារ បញ្ហាបច្ចេកទេសបង្កាត់ពូជ និងភ្ញាស់ ពិសេសការជួយផ្សព្វផ្សាយតាមបណ្តាញសង្គម។
កម្មវិធីទី៦÷ ចុះពិនិត្យទីតាំងចិញ្ចឹមត្រីរបស់កសិករឈ្មោះ លឹម ចាន់ ដែលមានស្រះចិញ្ចឹមត្រីចំនួន ៥ស្រះ ដែលមានត្រីអណ្តែង ៣ ០០០កូន ត្រីប្រា ២ ០០០កូន ត្រីប្រាក្នុង ១គីឡូតម្លៃ ៨ ០០០រៀល ត្រីអណ្តែងក្នុង ១គីឡូតម្លៃ ១២ ០០០រៀល។
ក្រៅពីនេះលោកប្រធានបានផ្សព្វផ្សាយ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវសារាចរណែនាំ អំពីការជំរុញការដាំដុះ ការចិញ្ចឹមសត្វ និងការរកទីផ្សារជូនកសិករផងដែរ ជាពិសេសត្រូវខិតខំបង្កើនផលិតកម្មកសិកម្ម ក្នុងកំឡុង នៃការរីករាលដាលជាសកលនូវជំងឺកូវីដ១៩ (COVID-19) នេះ។