នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តក្រចេះ និងសហការី បានចុះចែកធាតុចូលកសិកម្មមានដូចជា គ្រាប់ពូជ និងជីធម្មជាតិ ដល់ក្រុមកសិករ និងពិនិត្យការងារបង្កបង្កើនផលនៅតាមមូលដ្ឋានដូចខាងក្រោម៖
កម្មវិធីទី១៖ ចែកធាតុចូលកសិកម្មមានដូចជាគ្រាប់ពូជបន្លែ៤មុខ និងជីធម្មជាតិ១ការ៉ុងសម្រាប់កសិករ១គ្រួសារ ដល់ក្រុមកសិករអញ្ចើញមកពីឃុំដារ និងឃុំថ្មអណ្ដើក ដែលមានសមាជិកសរុបចំនួន៦៤ គ្រួសារ នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ដែលគាំទ្រដោយគម្រោងឈេន (CHAIN)។
កម្មវិធីទី២៖ ចុះពិនិត្យចម្ការបន្លែត្រសក់ចំណារ ប៉េងបោះ សណ្ដែកគួរ និងល្ពៅ របស់កសិករឈ្មោះ អ៊ាង អ៊ា ដែលបានដាំដុះលើផ្ទៃដីប្រមាណ ៨អា នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី។
កម្មវិធីទី៣៖ ចុះពិនិត្យចម្ការបន្លែត្រសក់ចំណារ ត្រប់វេង និងត្រប់ស្រួយ របស់កសិករឈ្មោះ ស៊ាន ស៊ីណាល់ ដែលបានដាំដុះលើផ្ទៃដីប្រមាណ ៣០អា នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី។
កម្មវិធីទី៤៖ ចុះពិនិត្យដំណាំបន្លែស្លឹកដាំក្នុងផ្ទះសំណាញ់ (ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ និងស្ពៃតឿ) របស់កសិករឈ្មោះ ផុន សុម៉ាលិ ដែលបានដាំដុះលើផ្ទៃដីប្រមាណ ៤ អា នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ដោយលក់ផលស្ពៃក្នុងតម្លៃជាមធ្យមចំនួន ៤០០០រៀល ក្នុង១គីឡូក្រាម។
ក្រៅពីនេះ លោកប្រធានមន្ទីរបានផ្សព្វផ្សាយដល់កសិករ ឱ្យរក្សាទឹកទុក ជៀសវាងប្រើប្រាស់ទឹកខ្ជះខ្ជាយ ដើម្បីជៀសវាងការខ្វះខាតទឹកស្រោចស្រព ការប្រើប្រាស់ជីធម្មជាតិ ការថែទាំ វិធានការការពារ កម្ចាត់សត្វល្អិត ជំងឺ ខិតខំបង្កើនការផលិតឲ្យអស់សក្តានុពល ដើម្បីបំពេញតម្រូវការស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ (COVID 19)។