នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តក្រចេះ និងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលនៅតាមមូលដ្ឋានដូចខាងក្រោម៖
កម្មវិធីទី១៖ ចុះពិនិត្យស្រូវរដូវវស្សានៅសង្កាត់ក្រគរ ក្រុងក្រចេះ ដែលបានដាំដុះលើផ្ទៃដីសរុបប្រមាណ ២៤៥ហិកតា។ បច្ចុប្បន្ន មានផ្ទៃដីស្រែដើមរដូវវស្សាប្រមាណ ៦៥ហិកតា ត្រូវបានប្រមូលផលរួចរាល់ជាស្ថានពរ ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៦តោន ៥០០គីឡូក្រាម ទៅ ៧តោន ក្នុង១ហិកតា។ កសិករលក់ស្រូវសើមក្នុងតម្លៃ ៧៥០រៀល ក្នុង១គីឡូក្រាម។
កម្មវិធីទី២៖ ចុះពិនិត្យចម្ការបន្លែត្រសក់ចំណាររបស់កសិករឈ្មោះ បាន ណន ដែលបានដាំដុះលើផ្ទៃដីប្រមាណ ៦អា នៅភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ដោយលក់ផលត្រសក់ក្នុងតម្លៃពី ២ ០០០រៀល ក្នុង១គីឡូក្រាម។ កសិករទទួលបានប្រាក់ចំណូលជាមធ្យមចំនួន ១០០ ០០០រៀល ក្នុង១ថ្ងៃ ។ កសិករអាចដាំបានពី ៣ ទៅ ៤ដង ក្នុង១ឆ្នាំ។
កម្មវិធីទី៣៖ ចុះពិនិត្យដំណាំបន្លែស្លឹកដាំក្នុងផ្ទះសំណាញ់ (ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ និងស្ពៃតឿ) របស់កសិករឈ្មោះ យ៉ាន សុភ័ក្រ ដែលបានដាំដុះលើផ្ទៃដីប្រមាណ ៣អា នៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ដោយលក់ផលស្ពៃក្នុងតម្លៃជាមធ្យមចំនួន ២ ៥០០រៀល ក្នុង១គីឡូក្រាម។ កសិករទទួលបានប្រាក់ចំណូលជាមធ្យមចំនួន ៦ ៤០០ ០០០រៀល ក្នុង១ឆ្នាំ ។ កសិករអាចដាំបានពី ៨ ទៅ ៩ដង ក្នុង១ឆ្នាំ។
កម្មវិធីទី៤៖ ចុះពិនិត្យដំណាំបន្លែ(ពោតស សណ្តែកកួរ និងត្រសក់ចំណារ) របស់កសិករឈ្មោះ ហ៊ឹម សេងហួត ដែលបានដាំដុះលើផ្ទៃដីសរុបប្រមាណ ៨៥អា នៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ដោយលក់ផលត្រសក់ចំណារក្នុងតម្លៃ ១ ៥០០រៀល ក្នុង១គីឡូក្រាម ពោតសតម្លៃ ២០ ០០០រៀល ក្នុង១ផ្លូន និងសណ្តែកកួរតម្លៃ ៣ ៥០០រៀល ក្នុង១គីឡូក្រាម ។ កសិករទទួលបានប្រាក់ចំណូលជាមធ្យមចំនួន ១៨០ ០០០រៀល ក្នុង១ថ្ងៃ ។ កសិករអាចដាំបានពី ៣ ទៅ ៤ដងក្នុងមួយឆ្នាំ។
កម្មវិធីទី៥៖ ចុះពិនិត្យកសិករចិញ្ចឹមមាន់ របស់កសិករឈ្មោះ សំ សឿន នៅឃុំសណ្តាន់ និងកសិករ នៅឃុំកែងប្រសាទ ស្រុកសំបូរ ដែលអនុវត្តបច្ចេកទេសភ្ញាស់កូនមាន់ និងការចិញ្ចឹមមាន់យកសាច់។ ក្នុងនោះកសិករក៏បានបញ្ជាក់ថា ការភ្ញាស់កូនមាន់ លក់តំម្លៃ ៥០០០ក្នុងមួយកូនមាន់ ដែលកូនមាន់ចាក់វ៉ាក់សាំងរួចមានអាយុ ៧ថ្ងៃ។ ចំពោះមាន់យកសាច់កសិករលក់មាន់ក្នុងតម្លៃ ១៧០០០រៀលក្នុងមួយគីឡូ កសិករក៏មានគម្រោងពង្រីកកន្លែងចិញ្ចឹមបន្ថែមនាពេលខាងមុខ។
នៅតាមចម្ការបន្លែ និងកន្លែងចិញ្ចឹមមាន់នីមួយៗ លោកប្រធានមន្ទីរ ក៏បានណែនាំឲ្យកសិករ ធ្វើការដាំដុះបន្លែទៅតាមតម្រូវការទីផ្សារ និងងាកមកអនុវត្តតាមក្បួនខ្នាតបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងទទួលបានទិន្នផលខ្ពស់។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានជំរុញឲ្យកសិករយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ជី និងថ្នាំធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគផងដែរ។
ក្រៅពីនេះ លោកប្រធានមន្ទីរបានផ្សព្វផ្សាយដល់កសិករ ឲ្យរក្សាទឹកទុក ជៀសវាងប្រើប្រាស់ទឹកខ្ជះខ្ជាយ ដើម្បីជៀសវាងការខ្វះខាតទឹកស្រោចស្រព ការថែទាំ វិធានការការពារ កម្ចាត់សត្វល្អិត ជម្ងឺ ខិតខំបង្កើនការផលិតឲ្យអស់សក្តានុពល ដើម្បីបំពេញតម្រូវការស្បៀងក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ (COVID 19)។