នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ នាយផ្នែករដ្ឋបាលព្រៃឈើ រួមទាំងមន្ត្រីក្រោមឳវាទ និងឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត បានទៅចូលរួមអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញទៅកាន់ទីតាំងចំការឈើដាំលើដីព្រៃរបស់រដ្ឋដែលអនុវត្តដោយក្រុមហ៊ុន ស៊ីងបាយអូថេក ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើនៅស្រុកសំបូរ ខេត្តក្រចេះ។ លោក លូ នាយកបច្ចេកទេសក្រុមហ៊ុន បានរាយបាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍឧស្សាហកម្មឈើ ដាំលើដីព្រៃរបស់រដ្ឋ ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើតាំងពីឆ្នាំ២០១១ លើផ្ទៃដី ៣៤ ០០០ ហ.ត លើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃ ឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ចាប់ពីឆ្នាំ២០១៣-២០១៨ ក្រុមហ៊ុនដាំកូនឈើបាន ៣ ៨៩៨ ហ.ត ហើយចាប់តាំងពីដើមឆ្នាំ ២០១៩ មកដល់ខែឧសភា ឆ្នាំ២០២០ បានដាំលើផ្ទៃដីចំនួន ៣ ៨៧៧ ហ.ត។ ហើយក្នុងឆ្នាំ២០០០ នេះ បានបន្តឈូសឆាយលើផ្ទៃដី ៥ ០០០ ហ.ត ទន្ទឹមនឹងនេះក៏មានបន្តធ្វើការឈូសឆាយទៅតាមអនុតំបន់នីមួយៗ ដែលទទួលបានការឯកភាពពីក្រសួងរួច ដើម្បីដាំកូនឈើចំនួន ៦ ២៥០ ០០០ដើម ក្នុងនោះមានកូនឈើប្រណិត កូនឈើប្រភេទលេខ១ លេខ២ និងកូនឈើប្រេងខ្យល់ផងដែរ។ លោកប្រធានក្រុមហ៊ុន បានសម្តែងអំណរគុណចំពោះរដ្ឋបាលព្រៃឈើ និងជាពិសេសឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចសហការ លើកទឹកចិត្ត និងគាំទ្រដល់ដំណើរការអភិវឌ្ឍវិស័យឧស្សាហកម្មឈើដាំតាំងពីដំបូង រហូតមកទល់បច្ចុប្បន្ន ហើយលោកសង្ឃឹម និងជឿជាក់ថា រដ្ឋបាលព្រៃឈើ ក៏ដូចជាក្រសួង នឹងបន្តផ្តល់កិច្ចសហការដើម្បីឲ្យក្រុមហ៊ុនឈានទៅសម្រេចបាននូវផែនការវិនិយោគដូចការរំពឹងទុក។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយកម្មករចំនួន ១៥០ នាក់ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មកជូនបងប្អូនកម្មករ និងបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារទាំងអស់នៅទីនេះ ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពជៀសឱ្យឆ្ងាយពីជំងឺឆ្លងសកលកូវីដ-១៩ ល្អគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាពលើការងារដាំដុះឲ្យគ្រប់តាមផែនការដែលបានគ្រោងទុក។ ក្រសួងនឹងផ្តល់កិច្ចសហការដល់ក្រុមហ៊ុន ក្នុងបំណងធ្វើឲ្យសម្រេចតាមគម្រោងផែនការដែលបានកំណត់ ប្រយោជន៍ដើម្បីលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំទៅក្នុងទីផ្សារក្នុង និងក្រៅប្រទេស ប្រកបដោយប្រកួតប្រជែង បង្កើតការងារ បង្កើនចំណូល រក្សាបរិស្ថានក្នុងតំបន់នេះ និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។ លោកបានស្នើឱ្យក្រុមហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសាររបស់កម្មករ ដើម្បីរក្សាភាពឈ្នះ-ឈ្នះ រវាងនិយោជក និងនិយោជិត ក្នុងកាល:ទេស:ដែលយើងកំពុង ជួប វិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ ក្រុមហ៊ុនត្រូវសហការឱ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តច្បាប់ និងគោលការណ៍ណែនាំ ផែនការអភិវឌ្ឍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាប្រើប្រាស់ធនធានដីព្រៃរបស់រដ្ឋនេះឱ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ចូលរួមទប់ស្កាត់បទល្មើសការកាប់ទន្រ្ទានដីព្រៃកាន់កាប់ និងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះ។ លោកក៏បានអំពាវនាវឱ្យសហគមន៍ព្រៃឈើនៅជាប់តំបន់នេះចូលរួមដាំឈើ និងថែរក្សាដីព្រៃឈើរដ្ឋឱ្យបានគង់វង្ស ប្រយោជន៍ទាញយកផល និងអនុផលព្រៃឈើ រួមទាំងចិញ្ចឹមសត្វ និងដំណាំរួមផ្សំផ្សេងៗទៀតដើម្បីកែលម្អកម្រិតជីវភាព៕