នៅថ្ងៃអាទិត្យ ១៤រោច ចែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រ្តូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានរៀបចំទទួល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដើម្បីចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) និងសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍នេសាទដែលកំពុងអនុវត្តគម្រោងដោយផ្ទាល់ នៅឃុំបុសលាវ ស្រុកចិត្របុរី។
មានមតិសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទនារសៀលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេតែងតែបារម្ភ និងចង់ដឹងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរយើង។ ពាក់ព័ន្ធនឹងគម្រោង M-IWRM-3 ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែលសហគមន៍បានខិតខំប្រឹងប្រែងសម្រេចបានយ៉ាងល្អប្រសើរ។ ដើម្បីទម្រង់ទិសគម្រោងឲ្យទទួលបានលទ្ធផលកាន់តែផ្លែផ្កា លោកក៏បានណែនាំដល់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងមន្ត្រីប្រតិបត្តិគម្រោងត្រូវបន្តផ្តល់កិច្ចសហការ គាំទ្រ ព្យាយាមដោះស្រាយនូវរាល់បញ្ហាប្រឈមជូនសហគមន៍នេសាទ ធ្វើយ៉ាងណាបង្កើនសមត្ថភាព ប្រសិទ្ធភាពការងារតាមរយៈវគ្គបណ្ដុះបណ្ដាលដែលត្រូវបញ្ជូលបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើបលើការការពារធនធានជលផល ការងារគ្រប់គ្រង និងការកែច្នៃផលត្រីប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារសម្រាប់ទីផ្សារ។ មួយវិញទៀត ត្រូវជំរុញវារីវប្បកម្ម ជាពិសេសផ្តួចគំនិតពួកគាត់ឲ្យចេះធ្វើកសិកម្មចម្រុះ និងការចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការពឹងអាស្រ័យតែលើផលធម្មជាតិ។ ដោយឡែក សមាជិក សមាជិកាសហគមន៍ក៏ត្រូវបង្កើនសាមគ្គីភាព រួមគ្នាខិតខំប្រឹងប្រែងបន្តប្រកបដោយគំនិតច្នៃប្រឌិត ពង្រឹងការចិញ្ចឹម ការការពារ និងអភិរក្សដែននេសាទរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា គម្រោង M-IWRM-3 គឺទទួលបានការឧបត្ថម្ភគាំទ្របដិភាគពីរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ដែលមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៦ រហូតដល់ដល់ឆ្នាំ២០២១ ក្នុងទឹកប្រាក់សរុបចំនួន ១១លានដុល្លារអាមេរិក សម្រាប់អនុវត្តនៅភូមិភាគឦសានមានខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា។ គោលបំណងសំខាន់ៗរបស់គម្រោងគឺដើម្បីជួយគាំទ្រដល់ការការពារ ទប់ស្កាត់បទល្មើសជលផល អភិរក្សធនធានជលផល ការបង្កើត គ្រប់គ្រងសហគមន៍នេសាទ ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារ និងជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទសម្រាប់ពេលបច្ចុប្បន្ន និងអនាគតប្រកបដោយចីរភាព និងនិរន្តរភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម