មាតិកា
ក្រចេះ ៖ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ ក្រោមប្រធានបទ “កើនផ្សោត កើនទេសចរ កើនជីវភាព”
ចេញ​ផ្សាយ ២៧ តុលា ២០១៩
783

ខេត្តក្រចេះសូមស្វាគមន៍!

មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយរដ្ឋបាលជលផល រដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្ត និងអង្គការ WWF បានរៀបចំ “ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ ក្រោមប្រធានបទ “កើនផ្សោត កើនទេសចរ កើនជីវភាព” ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែតុលា ឆ្នាំ២០១៩ នៅក្រុងក្រចេះ ខេត្តក្រចេះ។ ការរៀបចំទិវាសត្វផ្សោតទន្លេមេគង្គនេះ គឺរៀបចំឡើងដើម្បីចូលរួមអបអរ​សារទរ​ទិវាសត្វផ្សោតពិភពលោក (World Dolphin Day) ដែលតែងតែប្រារព្វនៅថ្ងៃទី៣០ ខែតុលា រៀងរាល់ឆ្នាំ និងសំដៅលើកកម្ពស់​កិច្ចការងារអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជាសត្វកម្ររបស់ពិភពលោក តាម​រយៈ​​ការ​អភិវឌ្ឍឲ្យទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងមាននិរន្តរភាពទាំងលក្ខណៈ​ជីវសាស្ត្រ​របស់​សត្វផ្សោត និងកំណើនទេសចរ។

ទិវាសត្វផ្សោតទន្លេមេគង្គឆ្នាំ២០១៩ រៀបចំរយៈពេល ០៣ថ្ងៃ ដោយមានរៀបចំកម្មវិធីប្រគុំតន្ត្រី តាំងពិព័រណ៌ផលិតផលក្នុងស្រុក កម្មវិធីរត់ប្រណាំង ជិះកង់ ដាំដើមឈើ បោះតង់ ការសម្អាតក្រុង ការទស្សនា​សត្វផ្សោត​ និងរមណីយដ្ឋាននានា ការប្រឡងប្រជែងគំនូរ និងការប្រកួតញ៉ាំក្រឡាន និងក្រូចថ្លុងជាដើម។

សូមជម្រាបផងដែរថាតាមរយៈគម្រោងអភិរក្សសត្វផ្សោតរបស់អង្គការ WWF ជលផលកម្ពុជា និងរដ្ឋបាល ខេត្តក្រចេះ និងស្ទឹងត្រែង រហូតមកដល់បច្ចុប្បន្ននេះចំនួនសត្វផ្សោតទន្លេមេគង្គមានកំណើនប្រមាណ ១៥% ដោយមានចំនួន ៨០ក្បាលនៅឆ្នាំ ២០១៥ និងកើនឡើងដល់៩២ ក្បាលនៅឆ្នាំ២០១៧។ ដោយឡែក មន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្តក្រចេះ បានកំណត់ថាសត្វផ្សោតទន្លេមេគង្គ គឺជាផលិតផលទេសចរណ៍ដ៏ល្អឯករបស់ខេត្ត ដែលតម្រូវឲ្យមានកិច្ចសហការរៀបចំអភិរក្សឱ្យបានគង់វង្ស និងមានកំណើន សំដៅចូលរួមដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ជាពិសេសគឺយកចិត្តទុកដាក់រៀបចំប្លង់មេ អភិវឌ្ឍរមណីយដ្ឋានអន្លង់ផ្សោតកាំពីរបស់ខេត្តក្រចេះ ឲ្យក្លាយជា​រមណីយដ្ឋានស្តង់ដា ដែលផ្តល់បទពិសោធន៍ទាំងចំណេះលើជីវសាស្ត្ររបស់សត្វផ្សោត បទពិសោធន៍​ទេសចរណ៍​បែបអភិរក្ស និងចូលរួមលើកស្ទួយជីវភាពប្រជាជនមូលដ្ឋានតាមរយៈសេវាកម្មសម្បទានទេសចរណ៍នានា។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ចូល​រួម​ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ ឲ្យបានច្រើនកុះករ​ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែតុលា ឆ្នាំ២០១៩ តទៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter