នៅថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយ អង្គការឧតុនិយមពិភពលោក (WMO) សាកលវិទ្យាល័យគ្វីនស្លែនប៉ែកខាងត្បូង (USQ) និងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដំណាំកសិកម្មត្រូពិច (CIAT) បានរៀបចំសិក្ខាសាលា ស្តីពី ការចូលរួមធ្វើផែនទី ការអនុវត្តការព្យាករណ៍អាកាសធាតុទៅតាមរដូវកាលដាំដុះដំណាំ និងដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ចំពោះការគ្រប់គ្រងហានិភ័យអាកាសធាតុ នៅក្នុងវិស័យកសិកម្មនៅតំបន់អាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា "គម្រោង ឌីរីស តំបន់អាស៊ីអាគ្នេយ៍ De-RISK SE Asia" នឹងកំពុងអនុវត្តគម្រោង ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ រហូតដល់ខែមិនា ឆ្នាំ២០២២ នៅក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម និងភូមា ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរី តំណាងមន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងឧតុនិយម និងតំណាងសាកលវិទ្យាល័យក្រចេះ តំណាងគម្រោង CHAIN និងតំណាងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សិក្ខាសាលារៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។
គោលបំណងរបស់សិក្ខាសាលា៖
១.ផ្ទៀងផ្ទាត់សុពលភាពជីវភាពរស់នៅរបស់ប្រជាកសិករ
២.ធ្វើបច្ចុប្បន្នភាពនៃការដាំដុះដំណាំ
៣.វាយតម្លៃពីតម្រូវការសេវាកម្មអាកាសធាតុដោយកំណត់នូវហានិភ័យអាកាសធាតុ
៤.កំណត់ពីផលប៉ះពាល់អាកាសធាតុលើជីវភាពកសិកម្មនៅក្នុងប្រទេសកម្ពុជា
៥.ទិន្នន័យរបាយការណទឹកភ្លៀង កម្ពស់ទឹកទន្លេ និងសីតុណ្ហភាពរយៈពេល ១០ឆ្នាំចុងក្រោយរបស់ខេត្តនីមួយៗ
៦.ទិន្នន័យស្ថិតិកសិកម្ម ស្តីពី ការងារដាំដុះដំណាំគ្រប់ប្រភេទក្នុងខេត្តនីមួយៗក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម