មាតិកា
ក្រចេះ៖ ពិធីប្រគល់ទូកម៉ាស៊ីនចំនួន ១០០គ្រឿង ជូនដល់​ប្រជាស​ហគមន៍នេសាទចំនួន ៥០ ដែលអញ្ជើញមកពីខេត្តក្រចេះ និងខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
671

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំពិធី ប្រគល់ទូកម៉ាស៊ីនចំនួន ១០០គ្រឿង ​ចែកជូន​ប្រជាស​ហគមន៍នេសាទចំនួន ៥០ ដែលអញ្ជើញមកពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលពិធីនេះបាន ប្រារព្វនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​​​ខេត្តក្រចេះ ក្រោមអធិបតីយភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋាន មានមតិស្វាគមន៍ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បាន​រាយការណ៍​ជូនអង្គពិធី​ជ្រាប​ថាវិស័យ​ជល​ផល​​បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ សន្តិសុខស្បៀង អាហា​រូបត្ថម្ភ និងផ្តល់មុខរបរ​ដល់ប្រជាពលរដ្ឋ។ ដោយមើលឃើញពីសារសំខាន់នេះ ទើបរាជរដ្ឋាភិបាលបាន​ទទួលហិរញ្ញប្បទាន​ពី​ធនាគារ​ពិភព លោក ដើម្បី​គាំទ្រ​ដល់ការអនុវត្តគម្រោង ស្តីពី “ការគ្រប់គ្រង​ធនធាន​ទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣” ក្នុង​នោះសមាសភាគទី១ របស់​គម្រោង​​​គឺផ្តោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វនៅភូមិភាគ​ឦសាន​នៃប្រទេសកម្ពុជា។ ឱកាសនេះ លោកក៏បាន​រំ​លេច​​ពីលទ្ធផលដែលគម្រោងសម្រេចបាននាពេលកន្លងមក ជាក់ស្តែងការចែកទូកម៉ា​ស៊ីននា​ថ្ងៃនេះ​គឺជាសក្ខីភាព ក្នុងនោះទូក​ម៉ាស៊ីន​ចំនួន ៥០គ្រឿងសម្រាប់សហគមន៍នេសាទចំនួន២៥ ក្នុងខេត្តក្រចេះ និង ៥០គ្រឿង ទៀត​ផ្តល់ជូន​សហគមន៍​នេសាទ​ចំនួន​២៥ ក្នុងខេត្តស្ទឹងត្រែង។ លើសពីនេះសហគមន៍នេសាទនឹងទទួលបានសម្ភារមួយឈុត និងថវិកា​មួយចំនួនទៀតសម្រាប់​ចំណាយ​លើប្រតិបត្តិការងាររបស់ខ្លួនឲ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព។
នាឱកាសនេះ លោក ខាន់ សំបាន ក៏បានស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីស្ថានភាព ភូមិសាស្រ្ត រដ្ឋបាល ការងារបង្កប​ង្កើនផល សន្តិសុខ សណ្តាប់ធ្នាប់សង្គម សក្តានុពលនៃវិស័យ កសិកម្មសម្រាប់ធ្វើការអភិវឌ្ឍ ស្ថានភាពការវិនិយោគ ជីវភាពរបស់​ប្រជាជន ការរីកចម្រើនលើ គ្រប់វិស័យ និងជាពិសេសស្ថានភាពទឹកជំនន់នាពេលបច្ចុប្បន្នដែលខេត្តក្រចេះកំពុងជួបប្រទះ។
មាន​ប្រសាសន៍សំណេះសំណាលជាមួយប្រជាសហគមន៍នេសាទ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងទឹកចិត្តសប្បាយរីករាយ និងចូលរួម​អបអរសាទ​រជាមួយប្រជាសហគមន៍ដែលទទួលបានទូកម៉ាស៊ីននាថ្ងៃនេះ។ តាមរយ:អំណោយដ៏ថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្រ្តីក្នុង​នាម​រាជរដ្ឋាភិបាល និងក្រសួង បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះធនាគារពិភព លោក​ដែល​បានជួយឧបត្ថម្ភទូកម៉ាស៊ីននេះតាមរយ: គម្រោងដូចដែលឯកឧត្តមប្រតិភូរៀបរាប់ជូនខាងលើ។ លោកបានបន្តទៀតថា ធនាគារ​​ពិភពលោកបានជួយឧបត្ថម្ភ ផ្តល់ការគាំទ្ររាជរដ្ឋាភិ បាលកម្ពុជា តាមរយៈគម្រោងនានា និងជួយឧបត្ថម្ភ​គាំទ្រដល់​ដំណើរ​ការកសាងជាតិ និងអភិវឌ្ឍកម្ពុជាចាប់តាំងពីគ្រាក្រលំបាករហូតដល់កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ លទ្​ធិប្រជា​ធិប​តេយ្យ និងវឌ្ឍនភាព ហើយសង្ឃឹមថា WB នឹងចូលរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាព​ក្នុងការលើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ សំដៅប្រែក្លាយប្រទេសនេះឲ្យទៅជាប្រទេសមួយមានភាពជឿនលឿន ប្រកប​ដោយក្តី​សង្ឃឹម ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ​២០៥០​ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា សមិទ្ធផលរបស់គម្រោងដែលសម្រេចបាននាថ្ងៃនេះ ប្រាកដជាបានមកដោយការ​ខិត​ខំ​ប្រឹង​ប្រែង យកចិត្តទុកដាក់ សហការពេញលេញរបស់ម្ចាស់ជំនួយ រដ្ឋបាលជលផល មន្រ្តីអនុវត្តគម្រោង អាជ្ញាធរមូលដ្ឋាន និង​ប្រជាសហគមន៍ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងក្តីសង្ឃឹមទាញយកប្រយោជន៍ជាអតិបរមាជូនដល់សហគមន៍​នេ​សា​ទ​​​គោលដៅ។
ស្របពេលដែលបងប្អូនទទួលបានជំនួយជាមធ្យោបាយផ្លូវទឹក យើងកំពុងតែប្រឈបបញ្ហាគ្រោះធម្មជាតិទឹកជំនន់លិចភូមិឋាន ផ្ទះ​សំបែង ស្រែចំការ សព្វពាហន: និងជាពិសេសសកម្មភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូន។ ស្ថិតក្នុងស្ថានភាពដ៏លំបាកជាក់​ស្តែង​ដែល​យើងបាន​ឃើញនាពេល នេះ ក្នុងនាមឲ្យអាជ្ញាធរមូលដ្ឋានខេត្តក្រចេះ និងខ្លួនលោកផ្ទាល់ លោកបានពាំនាំនូវការផ្តាំ​ផ្ញើ​សាក​សួរសុខទុក្ខ និងចែករំលែកសមានទុក្ខលំបាកនេះ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញា​ចក្រី​ប្រធាន​រដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា។
សម្តេចបានលើកទឹកចិត្តឲ្យបងប្អូនខិតខំតស៊ូជំនះគ្រប់ឧបសគ្គ ដើម្បីឆ្លងផុត ឬដោះស្រាយបញ្ហានេះបានរលូន និងល្អប្រសើរ។ ទឹក​ចិត្តគោរព ស្រឡាញ់ និងបេះដូងរបស់សម្តេចគឺស្ថិតនៅជាប់បងប្អូនគ្រប់ពេលវេលា និងគ្រប់កាល:ទេស: ហើយសម្តេចទាំង៤ បាន​ជូន​ពរឲ្យបងប្អូនយើងជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខសុវត្ថិភាព និងឆ្លងផុតពីគ្រោះភ័យធម្មជាតិនេះបាន​គ្រប់ៗ​ក្រុម​គ្រួ​សារ​។​
ទាក់ទងគម្រោងខាងលើ ឯកឧត្តមរដ្ឋមន្រ្តីណែនាំដល់មន្រ្តីអនុវត្តគម្រោងទាំងអស់ត្រូវយកចិត្តទុកដាក់ សហការឲ្យបានល្អជា​មួយ​ម្ចាស់​ជំនួយ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ ដើម្បីអនុវត្តគម្រោងកម្មវិធីនេះឲ្យរលូនប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព ទទួលខុស ត្រូវខ្ពស់ឲ្យសម្រេចបានជោគជ័យទៅតាមការរំពឹងទុក និងជាពិសេសនោះគឺសម្រេចគោល​ដៅថ្នាក់ជាតិ​ស្តីពី កិច្ចការពារបរិស្ថានជលផល ការអភិរក្សជីវចម្រុះ។

ចំនួនអ្នកចូលទស្សនា
Flag Counter