នៅរសៀលថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានអមដំណើរ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ចុះពិនិត្យទួលសុវត្ថិភាពតាឃីន ស្ថិតនៅក្នុងឃុំបុសលាវ ជាឃុំដែលងាយរងគ្រោះដោយទឹកជំនន់របស់ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរៀបចំជម្លៀសប្រជាពលរដ្ឋក្នុងឃុំដែលរងគ្រោះជំនន់ទឹកទន្លេមេគង្គ កំពុងជន់លិចភូមិទាំង៨ របស់ឃុំដែលមានប្រជាពលរដ្ឋ ចំនួន ១៩៨៦គ្រួសារ និងសត្វពាហនៈ ជាង ២០០០ក្បាល ដែលបច្ចុប្បន្នគោក្របីជិត ១០០ក្បាល និងប្រជាពលរដ្ឋជាង ១០០នាក់ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពរួចហើយ នឹងកំពុងបន្តជម្លៀសទាំងអស់បើសិនជាទឹកទន្លេនៅតែបន្តឡើង និងបានពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលរងទឹកជំនន់នៅភូមិព្រែកកូវ និងភូមិព្រែកច្រោក ឃុំបុស្សលាវ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តដើម្បីធ្វើការត្រៀមបំរុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់អោយនៅកំរិតទាបបំផុតដោយអាទិភាពលើអាយុជីវិតមនុស្សជាសំខាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម