មាតិកា
កិច្ចប្រជុំត្រួតពិនិត្យ និងតម្រង់ទិសរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធននឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាខេត្តក្រចេះ
ចេញ​ផ្សាយ ៣០ សីហា ២០១៩
590

រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដក្រចេះបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងតម្រង់ទិសរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធននឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណ:កម្មាការតម្រង់ទិសកម្មវិធី។

ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ទីប្រឹក្សាបច្ចេកទេស មន្រ្ដីទទួលបន្ទុកថ្នាក់ខេត្ដ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដក្រចេះ ចំនួន ១៦រូប។ ខេត្ដក្រចេះ គឺខេត្ដគោលដៅចាស់មួយក្នុងចំណោមខេត្ដគោលដៅចាស់ទាំង១១ នៃកម្មវិធី ASPIRE រួមមាន៖ ខេត្ដកំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ ក្រចេះ បាត់ដំបង កំពត តាកែវ ស្វាយរៀង ព្រៃវែង កណ្ដាល និងខេត្ដស្ទឹងត្រែង។

តំណាងក្រុមការងារកម្មវិធីថ្នាក់ខេត្ដបានធ្វើបទបង្ហាញអំពីផែនការសកម្មភាពដែលថ្នាក់ខេត្ដបានអនុវត្ដ ក៏ដូចជាបញ្ហាមួយចំនួនដែលកំពុងប្រឈម និងសំណូមពរមួយចំនួនរួមមាន៖

បញ្ហាប្រឈម/ការលំបាក (១)ភាពយឺតយ៉ាវក្នុងការអនុម័តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៩ ជាហេតុធ្វើឲ្យមានការយឺតយ៉ាវក្នុងការអនុវត្ដសកម្មភាពនៅថ្នាក់ខេត្ដ (២)មានភាពយឺតយ៉ាវក្នុងការផ្ទេរសាច់ប្រាក់ពីថ្នាក់ជាតិតាមសំណើរបស់ខ្លួន (៣)ផ្នែកខ្លះ (ការបញ្ចូលទិន្នន័យអ្នកទទួលផល) នៃប្រព័ន្ធព័ត៌មានស្ដីពីការគ្រប់គ្រងរបស់កម្មវិធី ASPIRE (ASPIRE MIS) មានការយឺតយ៉ាវ និងពុំទាន់មានដំណើរការរលូនល្អ (៤)ការផ្លាស់ប្ដូរសមាសភាពមន្រ្ដីថ្នាក់ស្រុក ភ្នាក់ងារផ្សព្វផ្ដាយឃុំ CEWs និងទីប្រឹក្សានាំឲ្យមានការយឺតយ៉ាវដល់ការអនុវត្ដផែនការសកម្មភាពរបស់អនុកម្មវិធីថ្នាក់ខេត្ដ។

សំណូមពរ (១)សូមជួយជម្រុញការអនុម័តផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំនីមួយៗ ឲ្យបានលឿននិងទាន់ពេលវេលា ដើម្បីសម្រួលដល់ការអនុវត្ដសកម្មភាពនៅថ្នាក់ខេត្ដ (២)សូមជួយសម្របសម្រួល និងជម្រុញការរៀបចំប្រព័ន្ធបញ្ចូលទិន្នន័យអ្នកទទួលផលឲ្យមានដំណើរការរលូនល្អ និង(៤)សូមជួយសម្របសម្រួលនិងពន្លឿនការជ្រើសរើសនិងបញ្ជូនទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ដ មកអនុវត្ដការងារក្នុងខេត្ដក្រចេះ។

ឆ្លើយតបនឹងសំណូមពរខាងលើ ឯកឧត្ដមប្រធាននឹងរៀបចំរបាយការណ៍ និងពិភាក្សាជាមួយនាយកកម្មវិធី ដើម្បីរៀបចំរបាយការណ៍គោរពជូនឯកឧត្ដមរដ្ឋមន្រ្ដីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំបន្ថែមដ៏ខ្ពង់ខ្ពស់។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្ដមសហប្រធានបានមានមតិសំណះសំណាល និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្ដីមន្ទីរ និងបានផ្ដល់អនុសាសន៍ណែនាំដើម្បីតម្រង់ទិសដើម្បីឲ្យកម្មវិធីទទួលបានជោគជ័យដូចខាងក្រោម៖

(១)សូមកំណត់ឲ្យច្បាស់អំពីការប្រែប្រួលអាកាសធាតុពិតប្រាកដនៅតាមខេត្តនីមួយៗ ដែលជាបញ្ហាប្រឈមក្នុងផលិតកម្មកសិកម្ម ដែលចាំបាច់មិនអាចខ្វះបាន ក្នុងការរិះរកវិធានការបញ្ជៀស ឬវិធានការពារផលិតកម្ម ស្របតាមលក្ខខណ្ខបម្រែបម្រួលអាកាសធាតុពិតប្រាកដនៅតាមខេត្ត ឬតំបន់នីមួយៗ។

បញ្ហាបម្រែបម្រួលអាកាសធាតុអាចបែងចែកជា

(ក) បញ្ហាបម្រែបម្រួលជាសកល៖ ជាបម្រែបម្រួលកំពស់ទឹកភ្លៀងតាមរដូវ កម្រិតជំនន់ទន្លេ កំដៅ ពន្លឺ និងរបាយទឹកភ្លៀងតាមរដូវជាដើម។ ប្រឈមនឹងបញ្ហានេះ យើងត្រូវរិះរកពូជ និងវិធានការពារដើម្បីបញ្ជៀសផលប៉ះពាល់ និងចាំបាច់ ដើម្បីធានាបាននូវផលិតភាពផលិតកម្មក្នុងកម្រិតដែលអាចទទួលយកបាន។

(ខ) បញ្ហាបម្រែបម្រួលជាតំបន់៖ ជាបញ្ហាដូចគ្នាទៅនឹងចំណុចខាងលើ តែទំហំរបស់វាអាចកើតឡើងលើសពីមួយខេត្ត ទៅខេត្តមួយ។

(គ) បញ្ហាបម្រែបម្រួលតាមមូលដ្ឋាន៖

ជាផលលំបាកក្នុងផលិតកម្មដែលកើតឡើងដដែលៗជារៀងរាល់ឆ្នាំ(ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត)។ សកម្មភាព ឬវិធានការកែតម្រូវផលិតកម្មដែលប្រឈមនឹងប្រែប្រួលអាកាសធាតុត្រូវអនុវត្ដទប់ទល់នឹងបញ្ហាដែលយើងកំពុងប្រឈមដែលបណ្ដាលក្រិតក្រមធម្មជាតិ។

(២)ជម្រុញលើកកំពស់បង្កើនផលិតភាពផលិតកម្ម (កម្រិតប្រាក់ចំណេញដែលកសិករទទួលបានក្នុង១ខ្នាតដី ក្នុង១ឆ្នាំ) ដែលជាគោលដៅសំខាន់ក្នុងការកំណត់ជម្រុញផលិតកម្ម (ក្រៅពីដំណាំតាមទម្លាប់) ក្នុងគោលដៅ Diversification (ដំណាំចម្រុះ) ផង និងធន់បានជាមួយការប្រែប្រួលអាកាសធាតុដែលកំពុងប្រឈមជាក់ស្តែងផង។ឈរលើទស្សនៈនេះ គឺកសិករនឹងធ្វើតែផលិតកម្មដែលធានាថាពិតជាបានចំណេញច្រើនជាងមុន។

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដមប្រធាន និងថ្នាក់ដឹកនាំមន្ទីរ មន្រ្ដី និងទីប្រឹក្សាកម្មវិធី ASPIRE បានចុះពិនិត្យទីតាំងអនុវត្ដកម្មវិធីនៅតំបន់គោលដៅបន្ដទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter