នៅព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកម្មវិធីបរិភោគសាច់ជ្រូកសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ ដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី៣ នៃរដ្ឋសភា លោកជំទាវ អ្នកតំណាងរាស្ត្រខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយកទីចាត់ការទាំង៥ ចំណុះរដ្ឋបាលខេត្ត លោក លោកស្រីប្រធានអង្គភាពទាំង២ ចំណុះរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សរុប ២០០ នាក់។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានយល់ច្បាស់ពី ជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយជំងឺនេះមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឲ្យជ្រូកឈឺងាប់រហូតដល់ ១០០% ដែលបង្ករការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក។ ដើម្បីជាសក្ខីភាព នៃភាគជឿជាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន ស៊ី ភី នូវជ្រូក ០៥ក្បាល និងអាជីវករលក់សាច់ជ្រូកនៅផ្សារសាមគ្គីក្រុងក្រចេះនូវជ្រូក ០៣ក្បាល សរុបមានចំនួន ០៨ក្បាល ហើយបានសហការរៀបចំកម្មវិធីបរិភោគសាច់ជ្រូកសុវត្ថិភាព នៅមុខផ្សារសាមគ្គី ក្រុងក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម