មាតិកា
ព្រះរាជពិធី រុក្ខទិវា ៩​ កក្កដា ដែលស្ថិតនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ព
ចេញ​ផ្សាយ ១០ កក្កដា ២០១៩
368

នៅថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ និងសហការីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួមអបអរសាទរព្រះរាជពិធី រុក្ខទិវា ៩ កក្តដា ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី រុក្ខទិវា ស្ថិតនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

 

ក្នុងពិធីនេះផងដែរ ក៏មានការដាក់តាំងផលិតផលកសិកម្ម ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែល ជាកសិផលរបស់កសិករនៅក្នុង ខេត្តក្រចេះ។

 

ទិវាដ៏មហានក្ខត្តឬក្សនេះផងដែរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្រ្តីរាជការនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករប្រមាណ ៧ ០០០នាក់។

 

តាមការគ្រោងទុក សម្រាប់រុក្ខទិវា ឆ្នាំនេះមានកូនឈើពូជចម្រុះ គ្រញួង ធ្នង់ កកោះ អង្កាញ់ សរុបចំនួន ១៣ ៦០០ដើម ដាំនៅលើផ្ទៃដីទំហំ ១០ហត នៃផ្ទៃដីសរុប ៩៨៧ហត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។

 

ជាមួយនឹងមនោសញ្ចេតនាអបអរសាទរព្រះរាជពិធី រុក្ខទិវា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលំឱនកាយវាចាចិត្តគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធក្នុងលោក ពិសេសទេវតារ ក្សាព្រះមហាស្វេតច្ឆត្រ និងព្រះរាជបល្ល័ង្ក ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមតាមជួយប្រោះព្រំបីបាច់ថែរក្សា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជារាស្រ្តព្រះអង្គជានិរន្តរ៍រៀងទៅ។

 

សូមប្រគេនពរ និងជូនពរ បវរមហាប្រសើរជូនចំពោះ ព្រះតេជព្រះគុណព្រះសង្ឃ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ សូមទទួលនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter