នៅថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តក្រចេះ និងសហការី បានចុះពិនិត្យដំណាំកសិ-ឧស្សាហកម្ម ការងារកសិកម្ម និងរោងចក្រកែច្នៃម្សៅដំឡូងមីនៅតាមមូលដ្ឋាន ដែលមានកម្មវិធីដូចខាងក្រោម៖
កម្មវិធីទី១.ចុះពិនត្យដំណាំស្វាយចន្ទី ការងារចិញ្ចឹមសត្វ និងចិញ្ចឹមត្រី នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ដោយមានការចូលរួមពីមន្រ្តីកសិកម្មស្រុក ខេត្ត និងកសិករសរុបចំនួន ០៩នាក់។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជួបសំណេះសំណាលជាមួយកសិករឈ្មោះ ក្រួច ម៉ាឡាក់ មានផ្ទៃដី៣២ហិកតាក្នុងនោះដំណាំស្វាយចន្ទី៣១ ហិកតា និងឈើហូបផ្លែ១ហិកតា ចិញ្ចឹមសត្វគោចំនួន៥៥ក្បាល ក្នុងឆ្នាំនេះកើតកូនគោបានចំនួន ១០ក្បាល និងចិញ្ចឹមត្រីប្រាចំនួន ៤០០០ក្បាល បច្ចុប្បន្នគ្រាប់ស្វាយចន្ទីសើម១គីឡូក្រាមមានតម្លៃ ៥៨០០៛។
កម្មវិធីទី២.ចុះពិនិត្យដំណាំម្រេច នៅភមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ដែលមានផ្ទៃដីសរុប ១ ហិកតា ដោយមានការចូលរួមពីមន្រ្តីកសិកម្មស្រុក ខេត្ត អជ្ញាធរដែនដី និងកសិករសរុបចំនួន ១០នាក់។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជួបសំណេះសំណាលជាមួយកសិករឈ្មោះ ជា គិមលាង បានបញ្ជាក់ថាទិន្នផលជាមធ្យមទទួលបាន ៣៧៥០គីឡូក្រាមម្រេចស្ងួត/ហិកតា។ ក្នុងនោះកសិករបានបណ្តុះផ្សិតចំបើង បានចំនួន១២ រោង ក្នុង១រោងទទួលបានទិន្នផលចាប់ពី ១៥០-២០០គីឡូក្រាម ។កសិករក៏បានបញ្ជាក់បន្ថែមទៀតថាលក់ក្នុងតម្លៃ ១៥០០០៛/១គីឡូក្រាម ហើយក្នុង១ខែៗអាចរកប្រាក់ចំនូលប្រមាណជា ៦០០០ដុល្លារ។
កម្មវិធីទី៣.ចុះពិនិត្យដំណាំកៅស៊ូគ្រួសារ នៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ដែលមានផ្ទៃដីសរុប ៥.៨ ហិកតា ក្នុងនោះចៀរជ័រចំនួន៣ហិកតាដោយមានការចូលរួមពីមន្រ្តីកសិកម្មស្រុក ខេត្ត និងកសិករសរុបចំនួន ១០នាក់។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជួបសំណេះសំណាលជាមួយកសិករឈ្មោះមុំ ឥដ្ឋ បានបញ្ជាក់ថាទិន្នផលជាមធ្យមទទួលបាន ១៥០គីឡូក្រាម/ថ្ងៃ។ កសិករលក់ជ័រកៅស៊ូកកតម្លៃ ១៨០០៛-១៩០០៛។
កម្មវិធីទី៤.ចុះពិនិត្យរោងចក្រកែច្នៃដំឡូងមី Green Leader នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ដោយមានការចូលរួមពីមន្រ្តីកសិកម្មស្រុក ខេត្ត និងតំណាងក្រុមហ៊ុនសរុបចំនួន ១២នាក់។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន ក្នុងនោះផងដែរតំណាងក្រុមហ៊ុនបានរាយការណ៍ជូនលោកប្រធានមន្ទីរ រោងចក្របានដំណើរការសាងសង់បានប្រហែល៧៥% គ្រោងបញ្ចប់ការសាង់និងដំណើរការសាកល្បងនៅដើមខែឧសភា ខាងមុខនេះ ក្នុងនោះដែរតម្រូវការរបស់រោងចក្រគឺចាប់ពី ៥០០.០០០-៦០០.០០០តោន/ឆ្នាំ ដំឡូងមីស្រស់។
នៅតាមទីកន្លែងនីមួយៗរួចមក លោកប្រធានមន្ទីរក៏បានបានផ្តល់អនុសាសន៍មួយចំនួនជូនប្រជាកសិករដូចជា ការថែទាំ វិធានការការពារ កម្ចាត់សត្វល្អិត ជំងឺ និង បានអប់រំផ្សព្វផ្សាយដល់សហគមន៍ប្រើប្រាស់ទឹក និងកសិករ រក្សាទឹកទុក ជៀសវាងប្រើប្រាស់ទឹកខ្ជះខ្ជាយ ដើម្បីជៀសវាងការខ្វះខាតទឹកស្រោចស្រពនាពេលខាងមុខ ។ លោកប្រធានក៏បានណែនាំដល់តំណាងរោងចក្រដូចជា ក្រុមហ៊ុនត្រូវគិតគូពីប្រជាកសិករដោយត្រូវទូទាត់ថវិកាភ្លាមៗ ជាពិសេសស្នើឲ្យក្រុមហ៊ុនធ្វើឲ្យមានតម្លាភាពដល់កសិករក្នុងការទិញដំឡូងមី។