មាតិកា
លោកប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងសហការី ចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វ ការបង្កបង្កើនផលរបស់កសិករក្នុងស្រុកសំបូរ និងស្រុកចិត្របុរី
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០១៩
781

នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តក្រចេះ និងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលនៅមូលដ្ឋានដែលមានកម្មវិធីដូចខាងក្រោម៖

កម្មវិធីទី១.បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់កសិករឈ្មោះ ឡេង សុផា (កសិដ្ឋានចិញ្ចឹមប្រវ៉ាស់ជាមួយក្រុមហ៊ុន CP) នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ដែលមានមន្រ្តីកសិកម្ម អាជ្ញាធរដែនដី និងម្ចាស់កសិដ្ឋានចូលរួមសរុបចំនួន ១២នាក់ ។ កសិកដ្ឋានមានទំហំផ្ទៃដីសរុបចំនួន ១០,៥០ហិចតា មានជ្រូកសាច់ក្នុងស្តុកសរុប ៦.៦០៧ក្បាល។ កសិដ្ឋានមានលទ្ធភាពលក់ជ្រូកសាច់សរុបចំនួន ១.២០០ក្បាល ក្នុងមួយឆ្នាំ ទៅតាមបណ្តារខេត្តនានា ដែលមានទម្ងន់ជាមធ្យម ១១០គីឡូក្រាមក្នុងមួយក្បាល ក្នុងតម្លៃ ១១.០០០រៀល/គីឡូក្រាម។ 

កម្មវិធីទី២.បានចុះពិនិត្យដំណើរការរៀបចំប្រព័ន្ធកសិកម្មចម្រុះ របស់កសិករឈ្មោះ សំ ស៊ឺន នៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ដែលមានមន្រ្តីកសិកម្ម និងម្ចាស់កសិដ្ឋានចូលរួមសរុបចំនួន ០៩នាក់ ។ កសិដ្ឋានមានផ្ទៃដីសរុប ៥៥អា មានដាំដំណាំបន្លែ ស្រះចិញ្ចឹមត្រី មាន់ ទា និងសត្វគោ។ បច្ចុប្បន្នកសិករទទួលបានប្រាក់ចំណូលបណ្តើរៗពីការដាំបន្លែ ចំនួន ២.០០០.០០០រៀល ក្នុងមួយរដូវផលិតកម្ម។

កម្មវិធីទី៣.បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោរបស់កសិករឈ្មោះ ឯក គឹមសួរ នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ដែលមានមន្រ្តីកសិកម្ម អាជ្ញាធរដែនដី និងម្ចាស់កសិដ្ឋានចូលរួមសរុបចំនួន ០៩នាក់ ។កសិដ្ឋានមានទំហំផ្ទៃដីសរុបចំនួន ៦២ហិចតា មានគោសរុប ១២០ក្បាល ក្នុងនោះមានគោមេចំនួន ៧៥ក្បាល និងកូនគោសរុប ៤៥ក្បាល។ គោជំទង់ដែលមានអាយុមួយឆ្នាំកន្លះអាចមានលក់ចេញបាន ដោយលក់ក្នុងតម្លៃជាមធ្យម ៦០០ដុល្លារក្នុងមួយក្បាល ក្នុងកសិដ្ឋានក៏មានការដាំដុះដំណាំស្វាយចន្ទី និងដំណាំផ្សេងៗទៀត។

នៅតាមទីតាំងនីមួយៗ លោកប្រធានមន្ទីរ បានណែនាំឲ្យកសិករ គោរពតាមគោលការណ៍បច្ចេកទេស ចេះវិភាគចំណូលចំណាយ នឹងប្រាក់ចំណេញ ជាពិសេសការថែទាំសត្វ វិធានការការពារ ព្យាបាល រៀបចំឲ្យមានសួនដំណាំចំណីសត្វ ជម្រុញឲ្យកសិករយកចិត្តទុកដាក់ប្រើប្រាស់ជីធម្មជាតិ ពិសេសជីលាមកសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter