មាតិកា
ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ
ចេញ​ផ្សាយ ២៩ មករា ២០១៩
652

នៅព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅសាលមហោស្រពខេត្តក្រចេះ មានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សរុបប្រមាណ ៣០០នាក់។ 
មានមតិនៅក្នុងពិធីនេះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានលើកឡើងនូវស្ថានភាពទូទៅក្នុងមូលដ្ឋានខេត្ត និងដំណើរការនៃការអភិវឌ្ឍន៍វិស័យសំខាន់ៗជាអាទិភាពរួមមាន វិស័យអប់រំ កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អគ្គិសនី និងទេសចរណ៍។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវពង្រឹងការអនុវត្តច្បាប់ មានទំនាក់ទំនងនិងសហការឱ្យបានល្អជាមួយអាជ្ញាធរគ្រប់លំដាប់ល្អ ធ្វើការឱ្យបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ពង្រឹងសាមគ្គីភាពក្នុងមន្ទីរ និងធ្វើជាគំរូល្អដល់មន្រ្តីក្រោមឱវាទ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិសំណេះសំណាលទៅកាន់អង្គពិធី និងបានផ្តាំផ្ញើនូវបណ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរចំពោះ លោកប្រធានមន្ទីរ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងសម្រេចបាននូវលទ្ធផលល្អ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងបន្ថែមថា ស្ថិតក្នុងតំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ វិស័យកសិកម្មកំពុងស្ថិតក្នុងតំណាក់ប្រឈម ដែលទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើន ដើម្បីជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិដែលមានឧត្តមភាពប្រកួតប្រជែង គុណភាពខ្ពស់ និងទាន់ពេលវេលា ដូច្នេះមន្រ្តីរាជការទាំងថ្នាក់កណ្តាល និងទាំងថ្នាក់ខេត្តត្រូវរួមគ្នាគិតក្នុងការគៀងគរធនធានដើម្បីជំរុញការអភិវឌ្ឍ ឱ្យស្របទៅការវិវឌ្ឍនៃសេដ្ឋកិច្ច។ ទន្ទឹងនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញ និងផ្សព្វផ្សាយដល់ប្រជាកសិករក្នុងការដាំដុះដំណាំដែលឆ្លើយតបទៅនឹងទីផ្សារ និងមានតម្លៃខ្ពស់សមស្របទៅនឹងការកើនឡើងនៃសេដ្ឋកិច្ច ដូច្នេះលោកប្រធានមន្ទីរទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ពីកិច្ចការនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំ និងផ្តាំផ្ញើដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងអស់ត្រូវចេះផ្សារភ្ជាប់រវាងវិស័យឯកជន ដែលជាអ្នកគ្រប់គ្រងទីផ្សារ ជាមួយកសិករដែលជាអ្នកផលិត ដើម្បីជ្រើសរើសប្រភេទដំណាំដែលមានតម្រូវការ ដើម្បីធ្វើផែនការដាំដុះច្បាស់លាស់ និងជៀសវាងបាននូវការឡើងចុះនៃតម្លៃ ម្យ៉ាងទៀតត្រូវគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ក្នុងការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធដល់ខ្សែច្រវ៉ាក់នៃការផលិត និងវេចខ្ចប់ក្រោយប្រមូលផល។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរខិតខំពង្រឹងសាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងលើកទឹកចិត្តដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជាពិសេសការផ្តល់នូវគ្រឿងឥស្សរយស និងកាំប្រាក់បៀរវត្សន៍ជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter