មាតិកា
សកម្មភាពថ្នាក់ដឹកនាំចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនហ្គីនអាយលែនអភិវឌ្ឍកសិកម្មដែលមានទីតាំងនៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ
ចេញ​ផ្សាយ ១៤ សីហា ២០១៨
516

នាព្រឹកថ្ងៃច័ន្ទ ២រោច ខែស្រាពណ៍ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរជាមួយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះនិងមន្រ្តីជំនាញបានអញ្ជើញចុះទៅពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនហ្គីនអាយលែនអភិវឌ្ឍកសិកម្មដែលមានទីតាំងនៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ 
យោងលើគោលការណ៍វិនិយោគលិខិតលេខ ២២៦(សជណ) ចុះថ្ងៃទី០៩ ខែកុម្ពៈ ឆ្នាំ២០០៦ របស់ទីស្តីការ គណរដ្ឋមន្រ្តីស្តីពីការផ្តល់ដីសម្បទានឲ្យទៅក្រុមហ៊ុនចំនួន ៩៥៨៣ហត (ក្នុងនោះផ្ទៃដីសម្រាប់ធ្វើ អាជីវកម្មកសិកម្មបានចំនួន ៨១៨១ហត) ដើម្បីយកទៅដាំដំណាំកៅស៊ូនិងអាកាស្យា។ យោងតាមរបាយការណ៍របស់លោក CHEN JIANBIN នាយកក្រុមហ៊ុនបានឲ្យដឹងបច្ចុប្បន្នក្រៅពីដំណាំស្នូលគឺដាំកៅស៊ូនិងអាកាស្យា ក្រុមហ៊ុនបានដាំចេកអំបូងលឿងសាកល្បងលើផ្ទៃដីចំនួន ២៤០ហត និងម្រេចចំនួន ៦០ហត។ ចំពោះដំណាំចេកអំបូងលឿងដំណាក់កាលបឋមកំពុងតែប្រមូលផលបានលើផ្ទៃដីចំនួន ៩០ហត ទទួលបានទិន្នផល ៦៤៨០ត (៧២តោន/ហត) និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនបានចំនួន ២០ត ក្រៅពីនេះផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក។ ដោយឡែកដំណាំម្រេចចំនួន ៦០ហត កំពុងធ្វើការលូតលាស់ ហើយសង្ឃឹមថានឹងផ្តល់ផលនៅឆ្នាំ២០១៩ នេះ។ ក្រៅពីការងារកសិកម្ម ក្រុមហ៊ុនក៏មានគម្រោងថែរក្សា និងអភិរក្សធនធានធម្មជាតិ ពិសេសពពួកបក្សីនិងសត្វព្រៃច្រើនប្រភេទដែលកម្រ និងជិតផុតពូជមួយចំនួនទៀត ដើម្បីប្រែក្លាយតំបន់នេះទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិនាពេលអនាគត។ ទន្ទឹមនេះ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវថ្នល់ អាងស្តុកទឹក លំនៅដ្ឋានរបស់បុគ្គលិកកម្មករ អគាររដ្ឋបាល មណ្ឌលសុខភាព សាលារៀន និងអណ្តូងទឹក។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក កម្មករបម្រើការចំនួន ២៣៦នាក់ ក្នុងនោះបុគ្គលិកបរទេសចំនួន ២០នាក់។ 
បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចពិនិត្យពីស្ថានភាពផលិតកម្មជារួម និងវឌ្ឍនភាពរបស់គម្រោងអភិវឌ្ឍរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ និងកោតសរសើរពីការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចផ្តោតជាសំខាន់លើវិស័យកសិកម្ម និងការអភិរក្សធនធានធម្មជាតិស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០៣០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្តោតជាចំបងលើការធ្វើទំនើបកម្មកសិកម្ម យន្តូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ក្នុងទិសដៅបង្កើន ផលិតភាពផលិតកម្មធានាបាននូវបរិមាណ គុណភាព និងសុវត្ថិភាព សមស្របតាមស្តង់ដា និងនិយាមទីផ្សារក្នុងតំបន់ និងទី ផ្សារពិភពលោក។ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក៏ដូចជារបស់ក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុននូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-បង្កើនការយកចិត្តទុកដាក់ និងត្រូវពន្លឿនការងារអនុវត្តលើផែនការសកម្មភាពចំបងៗរបស់ក្រុមហ៊ុនដែលបានឯកភាពជាមួយក្រសួង ធ្វើយ៉ាងណាជំរុញការងារដាំដុះ និងនាំចេញកសិផលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
២-ក្រុមហ៊ុនគួរសហការជាមួយក្រុមហ៊ុនក្នុងស្រុក សហគមន៍កសិកម្ម និងកសិករនៅជុំវិញតំបន់នេះដែលមានលទ្ធភាពដើម្បីធ្វើការដាំដុះដំណាំដែលមានសក្តានុពលលើទីផ្សារនាំចេញដោយត្រូវអនុវត្តការធ្វើកសិកម្មតាមកិច្ចសន្យា ហើយចំណុចនេះក្រុមហ៊ុនគួរតែសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានកសិឧស្សាហកម្មដើម្បីសិក្សាពីនីតិវិធីច្បាប់និងបច្ចេកទេសឲ្យបានសមស្រប។
៣-អនាគតក្រុនហ៊ុនគួរតែសិក្សាពីលទ្ធភាពបង្កើតជាមជ្ឃមណ្ឌលបណ្តុះបណ្តាលនិងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ជាពិសេសផ្សព្វផ្សាយពូជដំណាំសុទ្ធល្អដូចជាចេកអំបូងលឿង ស្វាយចន្ទី និងម្រេច សម្រាប់បម្រើឲ្យសេចក្តីត្រូវការទាំងពូជ និងបច្ចេកទេសរបស់សហគមន៍នៅក្នុងតំបន់នេះ។
៤-ចំពោះផែនការចង់ប្រែក្លាយតំបន់នេះជាតំបន់អេកូទេសចរណ៍ធម្មជាតិ ការអភិរក្សធនធានធម្មជាតិ ពិសេសព្រៃឈើនិងសត្វព្រៃ ឯកឧត្តមរដ្ឋមន្រ្តីស្នើឲ្យក្រុមហ៊ុនចាំបាច់ត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឲ្យបានល្អប្រសើរ។ 
៥-ក្រុមហ៊ុនត្រូវសិក្សាពីលទ្ធភាពដាំឈើឧស្សាហកម្ម ដែលជាគម្របព្រៃឈើ ធ្វើយ៉ាងណាដើម្បីរក្សាបានតុល្យភាពនៃការបាត់បង់ព្រៃដោយសារការអភិវឌ្ឍ និងការដាំដុះឈើឡើងវិញឲ្យមាននិរន្តរភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter