មាតិកា
ស្វែងយល់ពីបច្ចេកទេសប្រមូលផល និងស្តុកទុកគ្រាប់ស្វាយចន្ទី
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០១៨
900

១.ការប្រមូលផល
ការប្រមូលផលគឺជាកត្តាសំខាន់បំផុតក្នុងការកំណត់គុណភាពនិងតម្លៃសេដ្ឋកិច្ចគ្រាប់ស្វាយចន្ទី។ ប្រសិនបើយើងប្រមូលផលបានត្រឹមត្រូវតាមបច្ចេកទេស នោះយើងនឹងទទួលបានគ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អ ហើយមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ដំណាំស្វាយចន្ទីនឹងផ្តើមឲ្យផលមុនដំបូងពេលអាយុ ២-៣ ឆ្នាំ ដោយផ្តើមចេញផ្កាតាំងពីខែធ្នូ រហូតដល់ខែកុម្ភៈ អាស្រ័យទៅតាមពូជស្រាល កណ្តាល និងធ្ងន់។ ជាទូទៅចាប់ពីចេញផ្ការហូតដល់ទុំមានរយៈពេលរហូតដល់ ៦០ ថ្ងៃ។ នៅលើដើមមានផ្លែទុំមិនស្រុះគ្នាទេ ជាមធ្យមគឺប្រមូលផលយ៉ាងតិច ៤ ដង ដែលធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍ម្តង។ គេប្រមូលផលនៅពេលផ្លែទុំល្អ ហើយលាងទឹកឲ្យស្អាត រួចហាលថ្ងៃ ៣-៤ ថ្ងៃ។ ការប្រមូលផលគ្រាប់ស្វាយចន្ទី ដើម្បីឲ្យបានគ្រាប់ដែលមានគុណភាពល្អ ត្រូវទុកផ្លែឲ្យទុំជ្រុះខ្លួនវា ប៉ុន្តែត្រូវប្រញាប់ប្រលេះគ្រាប់ចេញឲ្យទាន់ពេល ព្រោះអាចនឹងធ្វើឲ្យគ្រាប់ឆ្លងជំងឺស្វិតពីផ្លែ។ ក្រោយពេលប្រមូលផលហើយត្រូវអនុវត្តធ្វើអនាម័យចំការ ដោយកាត់ចោលនូវមែកដែលម្លប់ខ្លាំង មែកមាន ជំងឺឬមែកដែលបង្កលក្ខណៈពិបាកក្នុងការដើរប្រមូលផល។ នៅលើគល់មែកដែលកាត់ចោលត្រូវលាបថ្នាំ ឬលាបកំបោរសដើម្បីការពារដួងចោះដើម។ នៅពេលដែលមែកស្វាយចន្ទីមិនទាន់ចាក់មែកដល់គ្នា យើងត្រូវភ្ជួរ កាប់គាស់ដី នៅចន្លោះរងទាំងពីរ ប៉ុន្តែមិនត្រូវភ្ជួរ ឬកាប់គាស់ដីនៅតាមជួរដើមស្វាយចន្ទីឡើយ។ មិនត្រូវទុកឲ្យស្មៅដុះគៀនគល់ស្វាយចន្ទីទេ យើងត្រូវធ្វើស្មៅឲ្យស្អាត ដើម្បីបង្កលក្ខណៈមិនឲ្យមានជំងឺ សត្វល្អិត ដង្កូវ ផ្សេងៗកើតឡើង ដូចជា ដួងចោះដើម ដុះផ្សិតដើម ស្រាំងទិចផ្លែ ដង្កូវរំស្លឹក ដង្កូវចោះផ្លែខ្ចី ស្រឹងជញ្ជក់ផ្កា រលួយឬស កណ្ដៀរស៊ី ដង្កូវស៊ីត្រួយខ្ចី។ល។

២.ការស្តុកទុក
ការស្តុកទុកគឺជាកត្តាសំខាន់បំផុតក្នុងការកំណត់គុណភាពនិងតម្លៃសេដ្ឋកិច្ចគ្រាប់ស្វាយចន្ទី។ ប្រសិនបើយើងស្តុកទុកបានត្រឹមត្រូវតាមបច្ចេកទេស នោះយើងនឹងទទួលបានគ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អ ហើយមានតម្លៃសេដ្ឋកិច្ចខ្ពស់។ កត្តាសំខាន់ៗរួមមាន៖
-ត្រូវរក្សាទុកនៅក្នុងឃ្លាំងដែលមានសុវត្ថិភាព គ្មានការបំផ្លាញពីពពួកកត្តាសត្វចង្រៃ ដូចជា សត្វកណ្ដុរ សត្វល្អិត សត្វស្លាប និងមិនឲ្យត្រូវពន្លឺថ្ងៃ និងទឹកភ្លៀង
-មុននឹងស្តុកទុកត្រូវហាលគ្រាប់ស្វាយចន្ទីនៅកន្លែងស្ងួតស្អាតលើស្បៃសាបឬបេតុងចំនួន ៣-៤ ថ្ងៃ កំរាស់ ១០ទីម៉ែត្រ ក្នុងរយៈពេល២ម៉ោង រាស់ត្រឡប់ចុះឡើងម្ដង បន្ទាប់ពីហាលរួចត្រូវទុកឲ្យត្រជាក់ ទើបយកមក រក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព និងមានខ្យល់ចេញចូលបានល្អ
-គ្រាប់ស្វាយចន្ទីដែលបានស្តុកទុកត្រូវមានសំណើមចន្លោះចាប់ពី ៨-១០ % ប្រសិនបើសំណើមទាបជាងនេះអាចធ្វើឲ្យគ្រាប់ងាយបាក់បែក ឬ បើខ្ពស់ជាងនេះអាចត្រូវរងការបំផ្លាញបំផ្លាញដោយសារសត្វល្អិត និង ផ្សិត។

ចំនួនអ្នកចូលទស្សនា
Flag Counter